កាលបរិច្ឆេទ: ០៧ ធ្នូ ២០២២ / សុខភាព
កាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានក្លាយជាម្ចាស់ជ័យលាភីលេខ២ សម្រាប់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ២០២២ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនរានុវត្តន៍។
អ្នកស្រីទ្រី មុយគា ទទួលបន្ទុកផ្នែកនាំចេញនៅសហគ្រាស និងតំណាងឲ្យលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសបានចូលរួមប្រកួតឆ្លើយសំណួររបស់គណៈមេប្រយោគប្រកបដោយជោគជ័យ។ នៅវគ្គផ្តាច់ព្រ័ត្រ សហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវប្រកួតជាមួយគូប្រជែងចំនួន១៩ ក្រុមហ៊ុន មកពីខេត្ត-ក្រុងផ្សេងៗគ្នា ដូចជាសៀមរាប កំពង់ចាម ក្រុងព្រះសីហនុ កណ្តាល តាកែវ កំពត ត្បូងឃ្មុំ រតនគិរី និងភ្នំពេញ។
បេក្ខជននីមួយៗមានពេល២០នាទី ក្នុងនោះ៨នាទីសម្រាប់ធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់ខ្លួន និង១២នាទីទៀតសម្រាប់ឆ្លើយសំណួររបស់គណៈមេប្រយោគដែលមានប្រាំពីររូបមកពីក្រុមហ៊ុនឯកជន និងស្ថាប័ននានា។
បើតាមប្រសាសន៍របស់អ្នកស្រីទ្រី មុយគា គណៈមេប្រយោគកោតសរសើរទស្សនវិស័យភាពជាសហគ្រិនរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលមានបេសកកម្មចូលរួមចំណែកអភិវឌ្ឍឯករាជ្យភាពផ្នែកសុខាភិបាលនៅកម្ពុជា។
ជ័យលាភីទីមួយបានទៅលើក្រុមហ៊ុន Khmer Fresh Milk ដែលជាក្រុមហ៊ុនផលិតទឹកដោះគោស្រស់ និងផលិតផលដែលធ្វើពីទឹកដោះគោ។
ឆ្នាំ២០២២នេះគឺជាឆ្នាំពិសេសសម្រាប់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ព្រោះថា ក្រុមហ៊ុនខនហ្វីរេលក៏បានទទួលពានរង្វាន់ Asean Business Award ដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានស្តីពីសេដ្ឋកិច្ច និងការវិនិយោគ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីដើមខែវិច្ឆិកា។ កាលពីឆ្នាំមុន ក្រុមហ៊ុនខនហ្វីរេលក៏ទទួលបានជ័យលាភីលេខ១សម្រាប់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ។ ពានរង្វាន់សហគ្រិននេះមិនត្រឹមតែផ្តល់តម្លៃដល់ថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសដែលមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសាធារណជនបានយល់ដឹងពីតួនាទីយ៉ាងសំខាន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចជាតិផងដែរ។ លើសពីនេះទៅទៀត ពានរង្វាន់ត្រូវបានរៀបចំឡើងក្នុងបំណងពង្រីកភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋក្នុងស្មារតីទំនួលខុសត្រូវសង្គម និងជួយជំរុញលើកទឹកចិត្តគម្រោងទាំងឡាយណាដែលផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក៕